Ford បើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីសុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ

Ford-Drive-04
ព័ត៌មានជាតិ | ធ្នូ ១៨, ២០១៨ ១២:៥១ ល្ងាច

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ2018 នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង  ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។

Ford-Drive-06

កម្ពុជាជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life”  ដែលក្នុងនោះមានអ្នកបើកបរដែលមានប័ណ្ណបើកបរចូលរួមជាង ២០០នាក់ រួមមានមន្ត្រីរាជការ អ្នកបើកបររថយន្តដឹកទំនិញធំៗពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងអតិថិជនFord បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ ថ្ងៃនេះដោយឥតគិតថ្លៃ។

Ford-Drive-04

គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បី៖ ១.បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ ២.បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត ៣.ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។

នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពី សាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (RMA Academy) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។

Ford-Drive-02

លោក Truong Kim Phong នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “សុវត្ថិភាពនៅពេលចរាចរណ៍លើដងផ្លូវគឺជាបញ្ហាដ៏សំខាន់មួយ ហើយវាក៏ជាបញ្ហាមួយដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់យើងផងដែរ។ សុវត្ថិភាពនៅលើផ្លូវគឺជាផ្នែកមួយនៃសកម្មភាពសង្គមដែលយើងគួរតែមាន ហើយពួកយើងក៏មានមោទនភាពក្នុងការបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life ផងដែរ ដើម្បីជួយបង្កើនការយល់ដឹងអំពីការអនុវត្តនិងបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាពនិងជួយធ្វើឱ្យការបើកបរលើដងផ្លូវកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា” កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និង ការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ។

Ford-Drive-03

លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់។ នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ ។ ហេតុនេះហើយ ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា”

Ford-Drive-05

លោក Jim Graham នាយកកម្មវីធីបណ្តុះបណ្តាលបច្ចេកទេសនៃការបើកបររថយន្ត Ford បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានដាក់បញ្ជូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃបណ្តាប្រទេសចំនួន 40 នៅជុំវិញពិភពលោកដែលបានបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life។ កម្មវិធីនេះមានអាយុកាល 15ឆ្នាំហើយ និងបានបណ្ដុះបណ្ដាលមនុស្សជាង 1 លាននាក់ដែលទើបនឹងមានប័ណ្ណបើកបរ ដែលគម្រោងមូលនិធិនេះបានចំណាយថវិការអស់ទឹកប្រាក់ជាង 40 លានដុល្លារ ក្នុងការប្តេជ្ញាលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងពិភពលោក”៕

 

 

loading...