សែលកាតទទួលបានពានរង្វាន់ Speedtest និងប្រកាសខ្លួនជាក្រុមហ៊ុនដំបូងដែលផ្ដល់ជូនការធានាលើបណ្តាញសេវា

MP-Photo
ព័ត៌មានបច្ចេកវិជ្ជា | កក្កដា ២៦, ២០១៨ ១១:៣៩ ព្រឹក

ក្រុមហ៊ុនសែលកាត កាលពីថ្ងៃម្សិលមិញ បានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla® ម្ដងទៀតក្នុងខែនេះ ធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្មែរសុទ្ធសាធមួយនេះក្លាយជាប្រតិបត្តិករឈានមុខគេ។

ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងដល់អតិថិជនដោយស្វ័យប្រវត្តិនៅពេលដែលអតិថិជនជួបប្រទះសេវាកម្មរអាក់រអួលរាល់ពេលធ្វើការហៅចេញក្នុងប្រព័ន្ធដោយគ្រាន់តែតេទូរស័ព្ទទៅលេខ 6010 នោះនឹងទទួលបានសំណងតាមលក្ខណខណ្ឌជាក់ស្ដែង។ សម្រាប់សេវានេះ សែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវការធានាជូននូវបណ្តាញសេវាក្នុងគោលបំណងបង្កើនការទុកចិត្ត និងតម្លាភាពនៃសេវាកម្មដល់អតិថិជន។

Photo

នាយកប្រតិបត្តិរបស់សែលកាត លោក អៀន វ៉ាត់សុន មានប្រសាសន៍ថាអតិថិជននៅកម្ពុជាសមនឹងទទួលបានគុណភាពសេវាកម្មស្តង់ដារពិភពលោកពីប្រតិបត្តិករទូរគមនាគមន៍របស់ពួកគេរួមទាំងសេវាគ្របដណ្តប់ល្អ ល្បឿនអ៊ីនធើណិតលឿន រួមទាំងតម្លៃសមរម្យផងដែរ។ “នេះគឺជាការសន្យារបស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបណ្តាញដ៏ល្អបំផុត ដែលជាគុណតម្លៃដ៏វិសេសវិសាល បូករួមនឹងការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អបំផុត “។

លោក វ៉ាត់សុន បានបន្តទៀតថាក្រុមហ៊ុនសែលកាតបានកំណត់ពេលវេលានៃការធានាលើបណ្តាញរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ចុងក្រោយបំផុតពីពានរង្វាន់ Ookla Speedtest Awards ដែលបង្ហាញថាក្រុមហ៊ុនសែលកាតជាក្រុមហ៊ុនតែមួយគត់ដែលបានខិតខំកែប្រែល្បឿន 4G របស់ខ្លួន ចាប់តាំងពីការធ្វើតេស្តចុងក្រោយនៅក្នុងត្រីមាសទី 3 និងទី 4 ក្នុងឆ្នាំ 2017 ។ “ជាការពិតណាស់ ចាប់តាំងពីយើងបានឈ្នះពានរង្វាន់ Ookla Speedtest ដំបូងក្នុងត្រីមាសទី 1 និងទី 2 នៅក្នុងឆ្នាំ 2017 យើងបានកើនពិន្ទុល្បឿនរបស់យើងរហូតដល់ 9.1” ។ យើងមានមោទនភាពណាស់ដែលបានឈ្នះការធ្វើតេស្តល្បឿន Ookla  ក្នុងរយៈពេល 2 ឆ្នាំជាប់គ្នានេះ។

6-Photo

លោក វ៉ាត់សុន បានមានប្រសាសន៍ថាក្រុមហ៊ុនសែលកាត បាននិងកំពុងមមាញឹកក្នុងការផ្ដល់ព័ត៌មានដល់អតិថិជនអំពីភាពរអាក់រអួលនៃបណ្ដាញសេវា ដោយសារតែការបង្កើនគុណភាពនិងពង្រីកបណ្ដាញកំពុងចាប់ផ្ដើមដំណើរការ។បន្ថែមពីនេះទៀត យើងក៏បានជូនដំណឹងជាសាធារណៈ នៅលើគេហទំព័រ នៅពេលដែលមានស្ថានភាពអាសន្ន ដូចជាព្យុះ បញ្ហារលកធាតុអាកាសកើនឡើងខ្លាំង និងកំហុសសំណង់ ដែលបណ្តាលឱ្យខូចខាតដល់បណ្តាញសេវាទូរស័ព្ទ។

លោក វ៉ាត់សុន បានប្រាប់ថា៖ “ យើងកំពុងកសាងបណ្តាញដ៏ល្អបំផុតនៅកម្ពុជា ហើយភាពរអាក់រអួលនៃបណ្ដាញសេវាអាចនឹងកើតមាន។ តែអ្វីដែលសំខាន់នោះ គឺល្បឿនក្នុងការស្តារសេវាឡើងវិញ ហើយជាពិសេសនោះគឺការផ្ដល់ព័ត៌មានដល់អតិថិជនរបស់យើងអោយដឹង” ។

ការធានាជូននូវបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាត នឹងធ្វើឱ្យសកម្មភាព និងការប្តេជ្ញាចិត្តរបស់យើង ស្ថិតនៅក្នុងតម្លាភាពបើកចំហរពេញលេញ ស្របពេលដែលយើងកំពុងបន្តដំណើរក្នុងការផ្តល់ទិន្នន័យទូរស័ព្ទចល័តក្នុងតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ដើម្បីអភិវឌ្ឍជាតិ និងសេដ្ឋកិច្ច។

សេចក្តីសង្ខេបនៃពានរង្វាន់ Speedtest របស់សែលកាត ពី Ookla ក្នុងឆ្នាំ 2017 និង 2018:

11Photo

ល្បឿនលឿនបំផុតរបស់សែលកាតគឺ 22,91 ជាមួយល្បឿនជាមធ្យម 24,67 Mbps សម្រាប់ការដោនឡូត និង 16,09 Mbps សម្រាប់ការអាប់ឡូតក្នុងត្រីមាសទី 1 និងទី 2 ឆ្នាំ2018។ ក្រុមហ៊ុនសែលកាតក៏ទទួលបានការទទួលស្គាល់ទូទាំងពិភពលោកពីគុណភាពនៃបណ្តាញសេវារបស់ខ្លួនពី OpenSignal ផងដែរ ក្នុងរយៈពេលសាកល្បងចំនួន 2 នៅត្រីមាសទី 1 និងទី 2 ឆ្នាំ 2017 និងត្រីមាសទី 3 និងទី 4 ឆ្នាំ 2017 ហើយពានរង្វាន់ជាផ្លូវការជាបន្តបន្ទាប់របស់ OpenSIgnal នឹងត្រូវប្រកាសនៅខែក្រោយ (ខែសីហា)៕

 

loading...