ក្រសួងប្រៃសណីយ៍ សម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធ Public Wi-Fi ក្រោមការឧបត្ថមពីសាជីវកម្មទូរគមនាគមន៍កូរ៉េ KT

KT-Wifi
ព័ត៌មានបច្ចេកវិជ្ជា | ឧសភា ៩, ២០១៨ ១១:១៨ ព្រឹក

រាជធានីភ្នំពេញ៖  ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំកម្មវិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធ Public Wi-Fi ចំនួន ២ ទីតាំង ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម Nakyoung Oh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា លោក Hyeonmo Ku ប្រធានក្រុមហ៊ុនសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) និងភ្ញៀវជាតិ អន្តរជាតិប្រមាណជាង ២,០០០ នាក់។

32116220_811607322374250_1326828351079317504_n

គម្រោង Public Wi-Fi ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នៃសាធារណរដ្ឋកូរ៉េ ដោយភាគីកូរ៉េ បានផ្ដល់ជូននូវជំនួយឥតសំណងសម្រាប់គម្រោង Public WiFi និង Digital Connectivity for School ដោយធ្វើការដំឡើងនៅទីតាំងចំនួន ៥ គឺ៖

  1. សួនច្បារសម្ដេច ហ៊ុន សែន
  2. សួនច្បារមុខព្រះបរមរាជវាំង
  3. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
  4. វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
  5. វិទ្យាល័យ អ៊ីវ៉ាស្រង់ កំពង់លែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ក្នុងនោះដែរ ឧបករណ៍បច្ចេកទេសប្រព័ន្ធ Public Wi-Fi ចំនួន ២ កន្លែងនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ត្រូវបានដំឡើងរួចរាល់ហើយជាមួយនឹងល្បឿន 1Gps (១ហ្សីហ្គាប៊ីតក្នុងមួយវិនាទី)។ ដោយឡែក ៣ ទីតាំងទៀត ដែលជាគម្រោងសម្រាប់សាលារៀន កំពុងស្ថិតក្នុងដំណើរការដំឡើង ដែលអាចនឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះដែរ។

KT-02

សម្រាប់ប្រព័ន្ធ Public Wi-Fi នៅទីតាំងសួនច្បារខាងលើនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិអាចប្រើប្រាស់អ៊ីនធឺណិតបានដោយឥតគិតថ្លៃក្នុងល្បឿនលឿន សម្រាប់ការកម្សាន្ត និងសិក្សារបស់សិស្សានុសិស្ស។ ដោយឡែក ៣ ទីតាំងទៀតដែលនៅតាមបណ្ដាខេត្ត ធ្វើឡើងឲ្យស្រប់តាមកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំតាមរយៈការបង្កើតសាលារៀនជំនាន់ថ្មី (NGS) ដែលជាគំរូអភិវឌ្ឍន៍ថ្មីក្នុងប្រព័ន្ធអប់រំសាធារណៈ ដែលនាំទៅដល់ការបង្កើត សាលារៀនសាធារណៈស្វយ័ត ទទួលបានការវិនិយោគខ្ពស់ ផ្សារភ្ជាប់ស្តង់ដារថ្មី មានគណន័យភាព និងអភិបាលកិច្ចល្អ ព្រមទាំងស្តង់ដារវិជ្ជាជីវៈ សម្រាប់ការសិក្សាក្នុងសតវត្សទី ២១ ដែលជាសម័យបច្ចេកវិទ្យាទំនើប និងជឿនលឿន។

KT-01

តាមរយៈការផ្ដល់នូវសេវាអ៊ីនធឺណិតល្បឿនលឿន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានបំពេញតម្រូវការក្នុងការសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីៗ ដែលមានប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គមជាតិ៕

 

 

 

 

loading...