Cellcard រក្សាបានតំណែងក្រុមហ៊ុនបណ្ដាញសេវាទូរស័ព្ទលឿនជាងគេដដែល

28870095_1487652938000034_4651980993576566784_o
ព័ត៌មានបច្ចេកវិជ្ជា | មិនា ៨, ២០១៨ ១១:០២ ល្ងាច

ជាថ្មីម្ដងទៀត ក្រុមហ៊ុន Cellcard នៅតែអាចរក្សាតំណែងជាក្រុមហ៊ុនបណ្ដាញសេវាទូរស័ព្ទមានល្បឿនលឿនជាងគេដដែល សម្រាប់ទីផ្សារប្រទេសកម្ពុជា ពីស្ថាបន OpenSignal នៅឯសន្និសីទទូរស័ព្ទចល័តពិភពលោក នៅប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗនេះ។

ពាន់រង្វាន់ដូចគ្នាដែរ Cellcard  ធ្លាប់បានឈ្នះម្ដងរួចមកហើយ កាលពីខែសីហាឆ្នាំមុន ដែលឈ្នះទៅលើល្បឿនអ៊ិនធើណិតដោនឡូត 4G និងល្បឿនដោនឡូតទូទៅ។ ក្នុងឆ្នាំនេះជាថ្មីម្ដងទៀត Cellcard ទទួលបានរង្វាន់ 4 ប្រភេទ ដែលបង្ហាញពីជ័យជំនះទៅលើ៖

  • ល្បឿន 4G សម្រាប់ដោនឡូត
  • ល្បឿន 3G សម្រាប់ដោនឡូត
  • ទំហំសេវា 3G ធំទូលាយ
  • ល្បឿនបណ្តាញសេវាទូទៅ

លទ្ធផលទាំងនេះ ត្រូវបានបង្ហាញយោងតាមរបាយការណ៍ ‘State of Mobile Networks: Cambodia Report(ស្ថានភាពបណ្ដាញទូរស័ព្ទនៅកម្ពុជា) ដែលធ្វើឡើងដោយ OpenSignal គឺពឹងផ្អែកទៅលើទិន្នន័យពីការវាស់ស្ទង់តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង 100 លានដង ដែលបានទាញយកដោយផ្ទាល់ពីទូរស័ព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 2 ខែតុលា ដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2017។

28685561_1487653064666688_6915609748490420224_o

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន Cellcard  បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់លើកនេះ បានបង្ហាញពីសមទ្ធិផលសម្រេចបានរបស់យើង បន្ទាប់ពីយើងបានពង្រីកបណ្តាញទូរស័ព្ទអ៊ីនធើណិតល្បឿន 4G ដែលទើបតែចាប់ផ្តើមកាលឆ្នាំមុន។ “តំបន់បណ្ដាញអ៊ីនធើណិតល្បឿន 4G របស់យើង បានកើនឡើងពីជាង 200 កន្លែង រហូតដល់ជិត 3000 កន្លែង បើគិតមកដល់ពេលនេះ ហើយយើងនឹងបន្តពង្រីកបណ្ដាញរបស់យើងឲ្យកាន់តែទូលំទូលាយជាងនេះ” ។ “នេះប្រហែលជាការពង្រីកបណ្ដាញទូលំទូលាយ និងលឿនបំផុត ដែលធ្វើឡើងនៅអាស៊ីអាគ្នេយ៍។  យើងពិតជាមានមោទនភាពចំពោះអ្វីដែលសម្រេចបាន ហើយមានការរំភើបយ៉ាងខ្លាំងចំពោះអ្វីដែលនឹងមកដល់បន្ទាប់ គឺការសាកល្បងអ៊ីនធើណិតល្បឿន 5G នាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

Cellcard 02

ទិន្នន័យក្នុងរបាយការណ៍ខាងក្រោមនេះបង្ហាញពីការនាំមុខគេរបស់ក្រុមហ៊ុន Cellcard នៅក្នុងទីផ្សារ៖

  • រក្សាបាននូវល្បឿន 4G នៅ 19.4 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps,
  • ល្បឿន 3G អតិបរិមា 2.5 MBps ស្របពេលដែល Smart Axiata មានល្បឿន 1.9 MBps,
  • ល្បឿនបណ្តាញសេវាទូទៅ 10.6 MBps ស្របពេលដែល Smart Axiata ទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងល្បឿន 8.8 MBps។

លោកវ៉ាតសុន បានបន្តថា៖ “Cellcard  គឺជាអ្នកជំរុញការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតឲ្យកើនឡើងយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន”។ “ក្នុងពេលត្រឹមតែ 12 ខែប៉ុណ្ណោះ យើងឃើញថា ការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតបានកើនឡើងរហូតដល់ 400% ហើយការប្រើទិន្នន័យអ៊ីនធើណិតប្រចាំថ្ងៃជាមធ្យម សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងទ្វេរដង រីឯការប្រើប្រាស់ស្មាតហ្វូនក៏បានកើនឡើងរហូតដល់ 14%”៕

loading...