Microsoft ផ្ដល់សិទ្ធឲ្យ EZECOM ក្នុងការចែកចាយកម្មវិធី OFFICE 365 នៅកម្ពុជា

27018410_534335170257580_581942947_o
ព័ត៌មានបច្ចេកវិជ្ជា | មករា ១៩, ២០១៨ ០៣:០៦ ល្ងាច

ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានប្រកាសការចាប់ដៃគូសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក ក្រុមហ៊ុន Microsoft ក្នុងការចែកចាយកម្មវិធី OFFICE 365 នៅកម្ពុជា ហើយការពី     ព្រឹកថ្ងៃទី 19 ខែមករា ឆ្នាំ 2018 ។

ក្នុងនាមជា Microsoft CSP Partner ដំបូងគេនៅកម្ពុជា  ក្រុមហ៊ុន EZECOM មានសិទ្ធិចែកចាយដោយស្របច្បាប់នូវកម្មវិធី OFFICE 365 ដែលជាបណ្តុំកម្មវិធីកុំព្យូទ័រចុងក្រោយបំផុត ដែលប្រមូលផ្តុំនូវមុខងារពិសេសៗជាច្រើន និងអនុញ្ញាតអោយអ្នកប្រើប្រាស់មានផលិតភាពការងារ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដែលក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនដ៏ធំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក សម្រេចចិត្តជ្រើសរើស EZECOM ជា Cloud Service Provider (CSP) ដំបូងគេនៅកម្ពុជាយ៉ាងដូច្នេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Microsoft មានទំនុកចិត្តចំពោះគុណភាពរបស់ក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់ EZECOM ក្នុងការចែកចាយបន្តនូវផលិតផលរបស់ខ្លួនទៅដល់អតិថិជននានា។

27046653_534335180257579_911598008_o

ផលិតផលសំខាន់បំផុតមួយសម្រាប់អតិថិជនគឺ Office 365 ដែលជាបណ្តុំកម្មវិធីការិយាល័យសំបូរបែប រួមមាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែមានភាពបត់បែននិងចល័តភាពខ្ពស់ ដោយអាចប្រើប្រាស់យ៉ាងងាយស្រួលតាមទូរស័ព្ទស្មាតហ្វូន អាចចែករំលែកនិងរក្សាទុកឯកសារយ៉ាងងាយស្រួលនិងមានសុវត្ថិភាពលើបណ្តាញ Cloud មានប្រព័ន្ធអ៊ីមែលថ្មី មុខងារផ្ញើសារ និងអាចឆ្លងឆ្លើយតាមវីដេអូខលក្នុងកម្រិត HD ជាមួយក្រុមការងារនិងអតិថិជនទៀតផង។ បណ្តុំកម្មវិធីទាំងមូលមានមូលដ្ឋានលើបណ្តាញ Cloud ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនង គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលមានសេវាអ៊ីនធឺណិត តាមរយៈកម្មវិធីផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។ សម្រាប់រាល់អ្នកប្រើប្រាស់ម្នាក់ៗ គាត់នឹងទទួលបានទំហំធំរហូតដល់ 1 តេរ៉ាបៃត៍ (TB) សម្រាប់រក្សាទុកនិងចែករំលែកឯកសារនៅលើអ៊ីនធឺណិត ហើយរាល់ឯកសារទាំងអស់នឹងត្រូវបានការពារយ៉ាងមានសុវត្ថិភាពដោយបច្ចេកវិទ្យាចុងក្រោយពីក្រុមហ៊ុន Microsoft និងអាចស្ដារមកវិញបានងាយស្រួល។

Office365-1024x488

លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “ក្រុមហ៊ុន EZECOM ពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលត្រូវបានក្រុមហ៊ុន Microsoft ជ្រើសរើសជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការចែកចាយផលិតផលនិងសេវាដ៏ពិសេសនេះនៅកម្ពុជា ហើយអ្វីដែលកាន់តែគួរអោយមានមោទនភាពនោះ គឺយើងបានក្លាយជាដៃគូផ្លូវការដំបូងគេនៅកម្ពុជាទៀតផង។”

លោកបានបន្ថែមទៀតថា “តាមរយៈការផ្តល់ជូននូវផលិតផលនិងសេវាកម្មថ្មីៗទាំងនេះ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន EZECOM កំពុងរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃសហគ្រាសទាំងតូចនិងធំនៅកម្ពុជា។”

ក្រុមហ៊ុន EZECOM ក៏បានបញ្ជាក់ផងដែរថា ខ្លួនបាននិងកំពុងត្រៀមខ្លួនយ៉ាងស្វិតស្វាញ ដើម្បីធានាថាគ្រប់យ៉ាងមានភាពរលូនល្អក្នុងការផ្តល់ជូនសេវាថ្មីនេះដល់អតិថិជនទាំងអស់ ក៏ដូចជាធានាថាអតិថិជនទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញបំផុតពីសេវាកម្មនេះ។

27140215_534337490257348_603782507_o

លោកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារនិងប្រតិបត្តិការ នៃក្រុមហ៊ុន Microsoft បានមានប្រសាសន៍ថា “ការជ្រើសរសើក្រុមហ៊ុន EZECOM ជាដៃគូ Cloud Solutions Partner ដំបូងគេនៅក្នុងប្រទេសកម្ពុជា គឺជាការសម្រេចគោលដៅដ៏សំខាន់មួយទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Microsoft ក្នុងទីផ្សារមួយនេះ។ ដើម្បីសំរេចបាននូវចក្ខុវិស័យរបស់យើង ក្នុងការលើកកម្ពស់សមត្ថភាពមនុស្សនិងស្ថាប័នទាំងអស់នៅលើពិភពលោក យើងចាំបាច់ត្រូវការដៃគូល្អៗដែលដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយទៅដល់អតិថិជន។ ជាមួយនឹងជំនាញយូរឆ្នាំ និងវត្តមានរឹងមាំនៅក្នុងប្រទេសកម្ពុជា យើងជឿជាក់ថាក្រុមហ៊ុន EZECOM នឹងអាចជួយអតិថិជនអោយទទួលអត្ថប្រយោជន៍ច្រើនបំផុតពីការប្រើប្រាស់កម្មវិធី Office 365 នៅក្នុងប្រទេសកម្ពុជា។”

loading...