Ford បានសម្ពោធសមិទ្ធិផលអណ្ដូងទឹកស្អាត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅខេត្ដចំនួន ២

Actvity_1
ព័ត៌មានជាតិ | វិច្ឆិកា ៧, ២០១៧ ០៥:០៨ ល្ងាច

កាលពីថ្ងៃទី 01 ខែវិច្ឆកា ឆ្នាំ 2017 កន្លងទៅនេះ ប្រជាពលរដ្ឋរស់នៅខេត្ដកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ជាង 200 គ្រួសារបានទទួលអណ្ដូងទឹកស្អាតចំនួន ១៦ ដើម្បីប្រើប្រាស់ពីក្រុមហ៊ុន Ford ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក តំណាងក្រុមហ៊ុន Ford និង RMA Cambodia រួមជាមួយនិងអ្នកស្ម័គ្រចិត្ត ក៏ដូចជាប្រជាពលរដ្ឋ និងសិស្ស ដែលរស់នៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

Ford_CSR_TB

តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន Ford បានឲ្យដឹងថា ក្រុមហ៊ុន បានចំណាយ $25,000 ក្រោមជំនួយឧបត្ថម្ភនៃមូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative) ទៅឲ្យអង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម (KYSD) ដើម្បីរួមចំនែកកាត់បន្ថយការលំបាកជារៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានទឹកស្អាតប្រើបាស់ប្រចាំថ្ងៃ។ រហូតមកដល់ពេលនេះ គឺក្រុមហ៊ុន Ford បានសាងសង់អណ្តូងទឹកស្អាតចំនួនជាង 100 អណ្តូងហើយសម្រាប់សហគមន៍ជនបទ ចាប់តាំងពីឆ្នាំ 2012 បន្ទាប់ពីមានការផ្តួចផ្តើមដោយអនុប្រធានក្រុមហ៊ុន Ford Elena Ford ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់នៅកម្ពុជា។

Goodman

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “ពួកយើងពិតជាមានមោទនភាពក្នុងការប្រកាសការបញ្ចប់ការសាងសង់អណ្តូងទឹកស្អាតនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។ កម្មវិធីអភិរក្សនិងការពារបរិស្ថានគឺជាកម្មវិធីមួយដែលក្រុមហ៊ុន Ford ចូលរួមចំណែកជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលយើងកំពុងតែប្រកបអាជីវកម្ម។”

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានចូលរួមសកម្មភាពសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជាក្រោមមូលនិធិគាំពារសហគមន៍ជាសកលប្រចាំឆ្នាំផងដែរ។ បុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមចំនែកជាមួយអង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម ដើម្បីសាងសង់បណ្ណាល័យមួយខ្នង ក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ហើយបណ្ណាល័យនេះនឹងក្លាយជាកន្លែងសិក្សា និងស្រាវជាវដ៏ប្រសើរមួយសម្រាប់សិស្សជាង 600នាក់ដែលស្ថិតក្នុងតំបន់នេះ។

Actvity

កាលពីខែកញ្ញា មានអ្នកស្ម័គ្រចិត្តមកពីក្រុមហ៊ុន Ford ទូទាំងពិភពលោកជាង 30,000 នាក់បានចូលរូមនៅក្នុងគម្រោងជាង 600 គម្រោងជាមួយនឹងអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ផ្សេងទៀតមកពីប្រទេសផ្សេងគ្នាជុំវិញពិភពលោក។ ក្រុមហ៊ុន Ford  ក៏បានជួយជាជំនួយសប្បុរសធម៌ផ្សេងទៀតចំនួន 600,000 ដុល្លារផងដែរដើម្បីទិញឧបករណ៍និងគ្រឿងផ្គត់ផ្គង់សម្រាប់គម្រោងទាំងនោះផងដែរ។ គួរបញ្ជាក់ផងដែរថា សំរាប់តំបន់អាស៊ីប៉ាស៊ីហ្វិច  មានអ្នកស្ម័គ្រចិត្តមកពីក្រុមហ៊ុន Ford រាប់ពាន់អ្នកបានចូលរួមចំនែកក្នុងគម្រោងអភិវឌ្ឍន៍សង្គមផ្សេងៗទៀតនៅគ្រប់ប្រទេសរូមមាន ប្រទេសចិន ឥណ្ឌា តៃវ៉ាន់ អូស្ត្រាលី នូវែលសេឡង់ ថៃ វៀតណាម ហ្វីលីពីន និងប្រទេសជាច្រើនទៀត៕

loading...