Smart Axiata ចាប់ដៃគូផ្តាច់មុខជាមួយ iflix រយៈពេល 3 ឆ្នាំ

MP-Post
ព័ត៌មានបច្ចេកវិជ្ជា | សីហា ៧, ២០១៧ ១០:២៨ ល្ងាច

Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅប្រទេសកម្ពុជា និង ក្រុមហ៊ុន iflix ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មកវីដេអូតាមតំរូវការ (SVoD) ឈានមុខគេក្នុងទីផ្សារដែលកំពុងតែមានការរីកចម្រើនទាំងក្នុងតំបន់ និងពិភពលោក បានប្រកាសភាពជាដៃគូផ្តាច់មុខរយៈពេល 3 ឆ្នាំរបស់ខ្លួន ដោយបាននាំបទពិសោធន៍កម្សាន្តតាមបែបឌីជីថលលំដាប់អន្តរជាតិជូនអតិថិជននៅកម្ពុជា។

ជាមួយនឹងស្ទូឌីយោ និងដៃគូចែកចាយ ជាង 170 នៅទូទាំងពិភពលោករបស់ iflix Smart នឹងផ្តល់ជូនអតិថិជននូវការរជ្រើសរើសយ៉ាងទូលំទូលាយបំផុតនូវខ្សែភាពយន្តដែលល្បីល្បាញ និងខ្សែភាពយន្តដែលទទួលបានការពេញនិយមបំផុតនៅលើឆាកអន្តរជាតិ និងនៅក្នុងស្រុកដូចជា ខ្សែភាពយន្តរបស់លោកខាងលិចដែលមានចំណងជើងថា The Flash និង The Magicians ក៏ដូចជាខ្សែភាពយន្តកូរ៉េ Goblin រឿង The Legend of the Blue Sea និង The Bride of Habaek ជាដើម។ ក្នុងថ្ងៃបើកសម្ពោធនេះ ខ្សែភាពយន្ដ និងកម្មវិធីទូរទស្សន៍ ដែលមាន ប្រជាប្រិយបំផុតរបស់ iflix នឹងត្រូវចាក់បញ្ចាំងដោយមានអក្សររត់ (subtitles)ពីខាងក្រោមជាភាសាខ្មែរ ក្នុងបំណងធ្វើឱ្យមានជាលក្ខណៈតំបន់ទាំងមូលដែលជាគម្រោងដែលនឹងដាក់ឱ្យដំណើរការក្នុងប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។

Smart

ចាប់ពីថ្ងៃនេះតទៅ អតិថិជន Smart ទាំងអស់ អាចរីករាយជាមួយនឹងសេវាកម្មកម្សាន្តលំដាប់ពិភពលោកនេះរហូតដល់ទៅ 3 ខែ ដោយអាចមានសិទ្ធិចូលទៅមើលខ្សែភាពយន្តដែលចេញមុនគេរាប់ពាន់រឿង និងកម្មវិធីទូរទស្សន៍ដែលទទួលបានពានរង្វាន់យ៉ាងសម្បូរបែប ខ្សែភាពយន្តដែលមានការគាំទ្របំផុតលើសកល ខ្សែភាពយន្តដែលពេញនិយមក្នុងតំបន់ មានបញ្ចូលសំឡេងមានអក្សររត់(subtitles)ពីខាងក្រោមកម្មវិធីកុមារនិងអ្វីៗផ្សេងៗជាច្រើនទៀត។ ជាមួយនឹងការចូលទៅកាន់ និងមើលរឿងលើ iflix អតិថិជន Smart អាចប្រើរហូតដលើទៅ ៥ ឧបករណ៍ជាមួយគណនីតែមួយ ហើយថែមទាំងអាចមើល (Streaming) រឿងក្នុង iflix ដោយប្រើឧបករណ៍ពីរផ្សេងគ្នាក្នុងពេលតែមួយ រួមមាន ទូរស័ព្ទ ថេប្លេត (Tablet) កុំព្យូទ័រលើតុ ទូរទស្សន៍ និង Smart TV។ ជាមួយគ្នានេះដែរ លោកអ្នកអាចទាញយក (download)រឿង និងកម្មវិធីទូរទស្សន៍ តាមទូរស័ព្ទ ថេប្លេត (Tablet) ដើម្បីទុកមើលពេលដែលអ្នកមិនមានភ្ជាប់អ៊ិនធឺណិតផងដែរ។

លោក Thomas Hundt នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiataបានឲ្យដឹងថា Smart បានប្តេជ្ញាចិត្តធ្វើជាដៃគូផ្តល់ជូននូវសេវាឌីជីថលនានាសម្រាប់អតិថិជននៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេដែលមានចក្ខុវិស័យចង់ក្លាយជាជើងឯកឌីជីថលរបស់ប្រទេសកម្ពុជា យើងមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារដ៏លេចធ្លោដូចជា iflix ដើម្បីផ្តល់ជូននូវការកម្សាន្តលំដាប់ពិភពលោកដល់អតិថិជនរបស់យើង។ នេះក៏ដោយសារតែមានតម្រូវការលើមាតិកាបែបឌីជីថលមានការកើនឡើង និងការចង់បានពីសំណាក់អតិថិជនរបស់យើង។

iFlix

លោក James Bridges ប្រធានផ្នែកភាពជាដៃគូលើមាតិកា (Global Head of Content Partnerships) នៃក្រុមហ៊ុន iflix បានលើកឡើងដែរថា «ស្របតាមការកើនឡើងនូវតម្រូវការពីទស្សនិកជនសម្រាប់ខ្សែភាពយន្តក្នុងស្រុក និងក្នុងតំបន់ជាច្រើន iflix បានខិតខំយ៉ាងខ្លាំងដើម្បីនាំមកជូនខ្សែភាពយន្តក្នុងស្រុក និងតំបន់ដែលពេញនិយមបំផុតមកជូនអតិថិជន ឱ្យបានទស្សនាភ្លាមក្រោយពេលចាក់ផ្សាយនៅរោងកុនរួមនឹងកម្មវិធីផ្សេងៗជាច្រើនទៀត។ តាមរយៈការផ្តល់នូវវេទិកាថ្មីស្រឡាងមួយនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្តដល់ផលិតកម្មភាពយន្តក្នុងតំបន់ដែលប្រកបដោយទេពកោសល្យ ក៏ដូចជាការបង្កើតស្នាដៃល្អៗ ដែលប្រសើរជាងការចែកចាយរឿងថតចម្លង។ យើងបានបេ្តជ្ញានឹងគាំទ្រ ហើយមានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយ Smart ដែលក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មដែលរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន iflixដល់ឧបករណ៍ជាច្រើនតាមដែលអាចធ្វើបាន។»

សេចក្តីប្រកាសចុងក្រោយរបស់ក្រុមហ៊ុន Smart នេះ វាគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងលក្ខណៈពិសេសបន្ថែមទៀតដើម្បីពង្រឹងជំហរភាពជាអ្នកនាំមុខគេក្នុងការផ្តល់ជូនសេវាអ៊ិនធឺណិតដែលមានល្បឿនលឿនរបស់ Smart។

លោក Thomas បានបន្ថែមទៀតថា «ជាមួយនឹង Smart StreamOn អតិថិជនអាចរីករាយជាមួយបទពិសោធន៍នៃការ stream វីដេអូ លើបណ្តាញអ៊ិនធឺណេត 4G + ដែលមានល្បឿនលឿន ដើម្បីទទួលបានការកម្សាន្តនេះគ្រប់ពេលវេលា គ្រប់ទីកន្លែង។ នេះជាការផ្តល់ជូនបន្ថែម ក្នុងការបន្តចាប់ដៃគូសហការ ជាមួយដៃគូផ្នែកឌីជីថល និងការផ្តល់ជូនសេវាប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្តល់ជូនអតិថិជននូវជីវិតដ៏រស់រវើក»។

ដោយមានអតិថិជន 5 លាននាក់នៅទូទាំងតំបន់ និងការផ្តល់ជូនអស់ 5 ពាន់លាននាទីរួចមកហើយចាប់តាំងពីការចាប់កំណើតរបស់ខ្លួននោះ ការឈានជើងចូលរបស់ក្រុមហ៊ុន iflix មកក្នុងប្រទេសកម្ពុជា ជាការសបញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងទីផ្សារក្នុងការផ្តល់ជូននូវបទពិសោធន៍មើលវីដេអូជូនដល់មនុស្ស 1 ពាន់លាននាក់នៅក្នុង 18 ប្រទេសទូទាំងតំបន់អាស៊ី តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។ សម្រាប់ព័ត៌មានបន្ថែមអំពី iflixសូមចូលមើលគេហទំព័រ www.iflix.com ។

អតិថិជន Smart អាចទាញយក(download)កម្មវិធី iflix ពី Google Play Store ឬ Apple App Store ដើម្បីទទួលបានការប្រើប្រាស់ដោយគ្មានដែនកំណត់រយៈពេល 3 ខែ។ ពួកគេក៏អាចទស្សនាបាននៅតាម Smart Shop ដែលនៅជិតបំផុតដើម្បីស្វែងយល់បន្ថែមអំពី StreamOn ហើយចាប់ផ្តើមមើលកម្មវិធីដែលពួកគេចូលចិត្ត និងអ្វីៗជាច្រើនទៀត ជាមួយអ៊ីនធើណេត4G ដ៏ទំនើប និងលឿនរបស់ Smart នៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា៕

 

loading...