Nokia 105 ជំនាន់ថ្មី មានលក់នៅកម្ពុជាហើយក្នុងតម្លៃត្រឹមតែ 17.50 ដុល្លារ ប៉ុណ្ណោះ

MP-Post
ផលិតផលថ្មី | សីហា ៥, ២០១៧ ១០:០៨ ព្រឹក

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលទទួលបានសិទ្ធិប្រើប្រាស់ស្លាកយីហោ Nokia  ថ្ងៃនេះ បានដាក់បង្ហាញនូវទូរស័ព្ទម៉ាក Nokia 105 ជំនាន់ទីបីដ៏ថ្មីសន្លាង នៅលើទីផ្សារកម្ពុជា ដោយលក់ក្នុងតម្លៃត្រឹមតែ 17,50 ដុល្លារប៉ុណ្ណោះ។ ជាមួយនឹងការលក់ដាច់បំផុត នូវប្រភេទទូរស័ព្ទ Nokia 105 អស់ជាង 200 លានគ្រឿងនៅទូទាំងពិភពលោក ទូរស័ព្ទដែលទើបតែទទួលបានពានរង្វាន់នេះ ឥឡូវបានរចនារូបរាងថ្មី  និងទំនើបជាងមុន  កាន់ថ្មបានយូរ   និងមុខងារប្រើប្រាស់កាន់តែប្រសើរដោយមានទំហំអេក្រង់ធំជាងមុន និងប៊ូតុងចុចថ្មីទំនើប។ កំណែលម្អទាំងនេះ ធ្វើឲ្យវាមានតម្លៃទាបជាងមុន ដែលធ្វើឱ្យការភ្ជាប់ទំនាក់ទំនង មានតម្លៃសមរម្យជាងពេលណាៗទាំងអស់។ Nokia 105 ផ្តល់នូវទំនុកចិត្ត និងគុណតម្លៃដល់អ្នកប្រើប្រាស់ទូរស័ព្ទជាង 1,3 ពាន់លាននាក់នៅជុំវិញពិភពលោក ដែលភាគច្រើននៅអាស៊ី និងអាហ្រ្វិក ដើម្បីធានាថាមនុស្សនៅជុំវិញពិភពលោក អាចភ្ជាប់ទំនាក់ទំនងគ្នាបានកាន់តែប្រសើរ។

01-Nokia-105-Dual-Sim-(2)

រចនាឡើងដើម្បីជីវិតប្រចាំថ្ងៃស្របតាមកេរដំណែលនៃការរចនាទូរស័ព្ទ Nokia រចនាបថថ្មី នៃ Nokia 105 បានធ្វើឱ្យវាកាន់តែលេចធ្លោពេលស្ថិតនៅក្នុងដៃរបស់អ្នក ជាមួយនឹង រូបរាងដ៏ស័ក្តិសម ស្រស់ស្អាតបែបធម្មជាតិនិយម។ Nokia 105 ត្រូវបានរចនាឡើង ដោយភ្ជាប់មកជាមួយនូវពណ៌ដើមរបស់ខ្លួនលើសម្បកប៉ូលីកាបូណាត ដែលអាចជួយកាត់បន្ថយ ស្នាមកកិត និងឆ្កូត ដើម្បីសម្រួលដល់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ផ្តល់ជូនអ្នកនូវគុណភាព ទំនុកចិត្តខ្ពស់ និងប្រើធន់បានយូរ ដែលអ្នកតែងតែទទួលបានពីទូរស័ព្ទម៉ាក Nokia ។ ប៊ូតុងចុចថ្មី រចនាដាច់ពីគ្នា ងាយចុច ស្រួលប្រើ ហើយអេក្រង់ទំហំ 1,8 អ៊ីញធំជាងមុន ផ្តល់ជូននូវបទពិសោធន៍ថ្មីមួយទៀតកាន់តែប្រសើរពេលទស្សនារូបភាពលើអេក្រង់ និងជាពិសេសពេលលេងហ្គេមពស់ដ៏ពេញនិយម។ តាមរយៈការរចនាអេក្រង់ធំជាងមុននេះ Nokia 105 ក៏បានសាកល្បងដាក់បញ្ចូលនូវហ្គេមចំនួនពីរដែលខ្លួនបានទិញ និងដាក់បញ្ចូលគឺ Doodle Jump និង Crossy Road ។

ដំណើរការល្អឥតខ្ចោះជាមួយនឹងការនិយាយបានរហូតដល់ទៅ 15,7ម៉ោង និងកាន់ថ្ម បាន រហូតដល់1ខែ Nokia 105 អនុញ្ញាតឱ្យលោកអ្នកនិយាយទូរស័ព្ទតាំងពីពេលថ្ងៃរះ រហូតដល់ថ្ងៃលិច ដោយគ្រាន់តែសាកថ្មម្តងតែប៉ុណ្ណោះ។ ម្យ៉ាងទៀត តាមរយៈទំហំផ្ទុកបានរហូតដល់500សារ និងលេខទំនាក់ទំនងរហូតដល់ 2000 នាក់  អ្នកនឹងអាចរក្សាទុកអត្ថប្រយោជន៍ច្រើនយ៉ាងនៅក្នុងទូរស័ព្ទតែមួយ។ មិនតែប៉ុណ្ណោះ Nokia 105 ក៏មានភ្លើងពិល LED ដ៏មានប្រជាប្រិយភាពផងដែរដោយគ្រាន់តែចុចប៊ូតុងខាងលើពីរដង ដើម្បីបើក និងបិទភ្លើងពិល។

Nokia-105-Dual-Sim-(2)

លោក Juho Sarvikas  ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global  បានថ្លែងថា៖      «យើងដឹងថា អតិថិជនដែលកំពុងស្វែងរកទូរស័ព្ទដែលមានលក្ខណៈពិសេសៗ គឺអាស្រ័យលើតម្រូវការផ្សេងៗគ្នា។ ប៉ុន្តែតម្រូវការនៃលក្ខណៈពិសេសរបស់ទូរស័ព្ទ គឺដូចៗគ្នា  ដូចជាកាន់ថ្មបានយូរ ប្រើធន់ជាប់ល្អ និងសំឡេងឮច្បាស់។ បន្ថែមលើលក្ខណៈពិសេសទាំងនេះ Nokia 105 គឺជាទូរស័ព្ទដ៏សាមញ្ញ តែលេចធ្លោបំផុត។»

ជាមួយគ្នានេះលោក   Sandeep Gupta  អ្នកគ្រប់គ្រងប្រចាំតំបន់នៅប្រទេសថៃ និងអាស៊ី នៃក្រុមហ៊ុន HMD Global ក៏បានមានប្រសាសន៍ផងដែរថា៖ «មានមនុស្សជាង 4ពាន់លាននាក់ នៅក្រៅបណ្ដាញប្រព័ន្ធអ៊ីនធឺណិត  និងមិនអាចទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមបណ្តាញអ៊ីនធឺណិតបាន  ដូច្នេះការភ្ជាប់ទំនាក់ទំនងតាមរយៈសំឡេង និងសារជាអក្សរនៅតែជាជំហានដ៏សំខាន់មួយ សម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក។ ទូរស័ព្ទស៊េរីទាបជាង 400 លានគ្រឿង ត្រូវបានលក់អស់ នៅទូទាំងពិភពលោកកាលពីឆ្នាំ2016។យើងមិនអាចមើលស្រាលលើតម្រូវការ និងអត្ថប្រយោជន៍នៃ ការភ្ជាប់ទំនាក់ទំនងនេះបានទេ ហើយយើងព្យាយាមគ្រប់បែបយ៉ាង ដើម្បីផលិតទូរស័ព្ទដែលអាចឱ្យមនុស្សជាច្រើននៅជុំវិញពិភពលោក ពង្រីកវិសាលភាព ក្នុងការទំនាក់ទំនងរបស់ខ្លួន។»

សូមបញ្ជាក់ថា Nokia 105 មានស៊ីមពីរ  ភ្ជាប់មកជាមួយនូវវិទ្យុ FM Radio និងមានរន្ធសាកបញ្ចូលថ្ម Micro USB (USB 2.0) ថែមទៀតផង។ តម្លៃលក់រាយនៅប្រទេសកម្ពុជា គឺ 17.50 ដុល្លារ សម្រាប់ស៊ីមពីរ និងត្រឹមតែ 16.50 ដុល្លារ ប៉ុណ្ណោះ សម្រាប់ស៊ីមមួយ  និងមាន៣ពណ៌គឺ ខៀវ ស និងខ្មៅ៕

loading...